ក្នុងឪកាសអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា
ឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អ៊ុងលាំង អគ្គបញ្ជាការកងទ័ពសាធារណៈរដ្ឋសហភាពមីយ៉ាន់ម៉ា
បានចូលជួបសម្តែងការគួរសម ឯកឧត្តម ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ
កាលពីរសៀលថ្ងៃទី០៨ ខែមីនា កន្លងទៅនេះ ។
តាមរយៈជំនួបនោះ ឯកឧត្តម ទៀ បាញ់ បានសម្តែងការស្វាគមន៍ចំពោះគណៈប្រតិភូ
កងទ័ពសហភាពមីយ៉ាន់ម៉ាដែលបានមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា ក្នុងខណៈ ឯកឧត្តម
ឧបនាយករដ្ឋមន្រ្តី បានចាត់ទុកការមករកគ្នាទៅវិញទៅមកបានធ្វើឲ្យទំនាក់ទំនងរវាង កងទ័ពទាំងពីរកាន់តែជិតស្និតទាំងក្របខ័ណ្ឌមិត្តភាពរវាងកងទ័ពប្រទេសទាំងពីរកម្ពុជា-មីយ៉ាន់ម៉ា
និងក្នុងក្របខ័ណ្ឌអាស៊ានថែមទៀត ។ ឯកឧត្តម ឧបនាយរដ្ឋមន្រ្តី បានលើកឡើងពីទំនាក់ទំនងរវាងកិច្ចសហប្រតិបត្តិការ
រវាងប្រទេសទាំងពីរដែលមានទំនាក់ទំនងល្អជាមួយគ្នាតាំងពីយូរយាណាស់មកហើយ។កម្ពុជានិងសហភាពមីយ៉ាន់ម៉ាមានកាន់ព្រះពុទ្ធសាសនាដូចគ្នា។ ឯកឧត្តម ទៀ បាញ់ បានបញ្ជាក់ថា កម្ពុជាបានបញ្ចប់សង្រ្គាម និងមានសុខសន្តិភាពមកដល់ពេលបច្ចុប្បន្ន
គឺដោយគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលធ្វើឲ្យកម្ពុជាមានឪកាសធ្វើការអភិវឌ្ឍន៍កសាងប្រទេសជាតិឲ្យមានភាពរីកចម្រើនរហូត
មកដល់សព្វថ្ងៃនេះ ។
ឯកឧត្តម មីន អ៊ុងលាំង បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនដ៏ឆាប់រហ័សនៅកម្ពុជា។ ឯកឧត្តម បានបញ្ជាក់ថា ប្រទេសទាំងពីរកម្ពុជា-មីយ៉ាន់ម៉ា មានប្រវត្តិសាស្រ្តទំនាក់ទំនងជាមួយគ្នាតាំងពីយូរលង់ណាស់មកហើយ ។ ក្នុងន័យនេះ ឯកឧត្តម បានបង្ហាញនូវឆន្ទៈបន្តពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកងទ័ពទាំងពីរឲ្យកាន់តែប្រសើរឡើងថែមទៀត ។ នៅក្នុងជំនួបនេះដែរ ឯកឧត្តម មីន អ៊ុងលាំង
ក៏បានជម្រាបជូន ឯកឧត្តម ទៀ បាញ់ អំពីលទ្ធផលនៃកិច្ចប្រជុំទ្វេភាគីរវាងអគ្គបញ្ជាការកងទ័ពប្រទេសទាំងពីរ កម្ពុជានិងសហភាពមីយ៉ាន់ម៉ា ដែលតាមរយៈជំនួបនៃកងទ័ពទាំងពីរបានឯកភាពឲ្យមានការផ្លាស់ប្តូរ
គណៈប្រតិភូនៃកងទ័ពប្រទេសទាំងពីរទៅវិញទៅមក ការបញ្ជូនសិក្ខាកាមកម្ពុជា ទៅហ្វឹកហ្វឺននៅសហភាពមីយ៉ាន់ម៉ា
ការផ្លាស់ប្តូរកីឡាករ និងការរួមសហការគ្នា ប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន
។
តាមរយៈជំនួបសន្ទនានេះ ឯកឧត្តម ទៀ បាញ់ និង ឯកឧត្តម អគ្គបញ្ជាការកងទ័ពទាំងពីរ កម្ពុជា មីយ៉ាន់ម៉ា បានសម្តែងនូវទស្សនវិស័យយល់ឃើញថា គឺមានតែសន្តិភាព ស្ថេរភាព និងសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរប៉ុណ្ណោះដែលធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើន និងប្រជាជនរស់នៅក្នុងភាពសុខសាន្តទៅថ្ងៃអនាគត់ ៕