យោងតាមលោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឲ្យដឹងថា ក្រោយពីលទ្ធផលនៃការចុះស្រង់ទិន្នន័យ សម្រេច ផ្តល់ជូននៅពេលនេះ គឺជូនទៅប្រជាពលរដ្ឋនៅភូមិតាចេក ក្បាលដីសរុបចំនួន១,៤៥១ក្បាលដី វិញ្ញាបណ្ណបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលត្រូវផ្តល់ជូនចំនួន៩៧៤ប័ណ្ណ ក្នុងភូមិបុស្សក្រឡាញ់ ក្បាលដីសរុបចំនួន១,៥២២ក្បាលដី វិញ្ញាបណ្ណបត្រសម្គាល់ម្ចាស់អចលនវត្ថុដែលត្រូវផ្តល់ជូនចំនួន៩១៥ប័ណ្ណ និងដីនៅបរិវេណវិទ្យាល័យអង្គរ ១១៦ប័ណ្ណ។ ដោយឡែក ចំពោះក្បាលដីដែលគ្មានទិន្នន័យ មន្ទីរនឹងសហការទំនាក់ទំនងជាមួយម្ចាស់ក្បាលដីឲ្យមកធ្វើការចុះបញ្ជី និងបន្តដោះស្រាយបញ្ហាដែលនៅសេសសល់ស្របតាមនិតិវិធី ដើម្បីចេញវិញ្ញាបណ្ណបត្រសម្គាល់ម្ចាស់អចលនវត្ថុជូននាពេលឆាប់ៗ។
ជាមួយគ្នានោះ ឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ បានចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋ ដែលទទួលបានប័ណ្ណកម្មសិទ្ធសម្គាល់ម្ចាស់អចលនទ្រព្យ ដែលជាកម្មសិទ្ធស្របច្បាប់ ព្រោះថាបងប្អូនមានសិទ្ធពេញលេញអាចយកទៅប្រើប្រាស់បាន ដើម្បីលើកស្ទួយជីវភាពប្រចាំថ្ងៃរបស់ខ្លួន ឲ្យកាន់តែប្រសើរឡើងថែមទៀត និងធានាបាននូវសុវត្ថិភាព ក្នុងការកាន់កាប់ក្លាយជាម្ចាស់ដីពិតប្រាកដ ដោយគ្មានជនណាអាចមករំលោភបំពាន ឬធ្វើការដកហូតបានឡើយ។ ឧបនាយករដ្ឋមន្ដ្រី បានបញ្ជាក់យ៉ាងដូច្នេះថា
«ទំរាំនឹងមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធសម្រេចចេញផ្តល់បណ្ណ័កម្មសិទ្ធជូននៅពេលនេះដោយសារដីតំបន់នេះ
មានជាប់ពាក់ព័ន្ធទៅនឹងនិតិវិធីជាច្រើន ជាពិសេសក្រោយការបង្កើតអាជ្ញាធរបឹងទន្លេសាប
ព្រោះអាជ្ញាធរនីមួយៗ គេការពារ
និងអនុវត្តទៅតាមតួនាទីភារកិច្ច ដើម្បីអភិរក្សក្នុងតំបន់មួយចំនួន ដែលអាជ្ញាធរនោះគ្រប់គ្រង ជាពិសេសបឹងទន្លេសាប ដែលជាសម្បត្តិធម្មជាតិដ៏មានសារៈប្រយោជន៍ ដូច្នេះការចេញប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋទាមទារឲ្យមានការសិក្សា ផ្ទៀងផ្ទាត់ប្រកបដោយការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់»។
លោក ទៀ បាញ់ បន្ថែមថា ដូចដែលបងប្អូនដឹងស្រាប់ហើយនៅក្នុងក្រុងសៀមរាប ប្រមូលផ្តុំទៅដោយបុរាណដ្ឋានរបស់បុព្វបុរសខ្មែរ
នេះជាបញ្ហាស្មុគ្រស្មាញបំផុតក្នុងរយៈពេលកន្លងមកយ៉ាងណាក៏ដោយមន្ត្រីថ្នាក់ដឹកនាំអង្គភាពស្ថាប័នពាក់ព័ន្ធគ្រប់ជាន់ថ្នាក់បានប្រឹងប្រែងរិះរកវិធីគ្រប់បែបយ៉ាងដើម្បីគិតគូរធ្វើយ៉ាងណាឲ្យបងប្អូនដែលរស់នៅតាំងពីយូរលង់ណាស់មកហើយបានទទួលនូវសិទ្ធពេញលេញតាមផ្លូវច្បាប់ និងមានឱកាសក្នុងការចាត់ចែងទ្រព្យសម្បត្តិទៅឲ្យកូនចៅជំនាន់ក្រោយៗ របស់ខ្លួនទៅតាមការរីកចម្រើនរបស់សង្គមជាតិ។
ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានសង្កត់ធ្ងន់ថា ការផ្តល់វិញ្ញាប័ណ្ណបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅពេលនេះ ជាការបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ អនុវត្តការងារប្រកបដោយប្រសិទ្ធិភាព របស់រាជរដ្ឋាភិបាល ទៅតាមអនុក្រិតស្តីពីការធ្វើសម្បទានកម្មជាកម្មសិទ្ធជូនប្រជាពលរដ្ឋ ដែលបានកាន់កាប់ប្រើប្រាស់ និងដាំដុះជាក់ស្តែង ហើយបច្ចុប្បន្ន រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ គិតគូរយ៉ាងច្បាស់និងដោយប្រយ័ត្នប្រយែងក្នុងការថែរក្សាការពារ អភិរក្សនិងអភិវឌ្ឍន៍ធ្វើយ៉ាងណារក្សាតុល្យភាពរវាងការអភិវឌ្ឍនិងការអភិរក្សសំដៅទាញយកផលប្រយោជន៍សមស្រប សម្រាប់ការអភិវឌ្ឍប្រទេស និងផ្ទេរមរតកដ៍មានតម្លៃនេះទៅមនុស្សជំនាន់ក្រោយៗទៀត។ ដោយឡែកចំពោះក្បាលដីដែល នៅសេសសល់ដើម្បីឲ្យផ្លូវច្បាប់ទទួលស្គាល់ម្ចាស់អចលនវត្ថុពេញលេញបាន គឺត្រូវការភាពច្បាស់លាស់ ត្រូវតែបន្តសិក្សា ពិភាក្សា ផ្ទៀងផ្ទាត់យ៉ាងលំអិត ដើម្បីឲ្យម្ចាស់កម្មសិទ្ធទទួលបានសិទ្ធកាន់កាប់ស្រប និងត្រឹមត្រូវតាមផ្លូវច្បាប់៕