នៅទីស្តីការក្រសួងការពារជាតិ ព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧ បានប្រជុំផ្សព្វផ្សាយ និងការប្រគល់ភារកិច្ច សំរាប់ត្រៀមរៀបគ្រប់ផ្នែក ទិវានៃការចងចាំនៃដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលកិច្ចប្រជុំនេះ បានប្រព្រឹត្តិទៅក្រោម អធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងមានការចូលរួមពី ឯកឧត្តម លោកជំទាវជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការនៅក្នុងក្រសួង ស្ថាប័ននានា និងនាយកមាននៅក្នុងក្រសួងការពារជាតិជាច្រើនរូបទៀត។
នៅក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខៀវ ឆេន អគ្គនាយករង អគ្គនាយដ្ឋាននយោបាយ និងកិច្ចការបទេស ក្រសួងការពារជាតិ បានអានសេចក្តីសំរេចរបស់រាជរដ្ឋាភិបាល ស្តីពីការបង្កើត គណកម្មការ រៀបចំទិវានៃការចងចាំ នែដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលនៅក្នុងសេចក្តីសំរេចរបស់រាជរដ្ឋាភិបាល បានតែងតាំង ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាប្រធានគណៈកម្មការ ព្រមទាំងអនុប្រធានគណៈកម្មការ និងសមាជិកមកពីបណ្តាស្ថាប័នក្រសួងនានាចំនួន១៧រូប។
នៅក្នុងសេចក្តីសំរេចរបស់រាជរដ្ឋាភិបាលបានសំរេចបង្កើតលេខាធិការដ្ឋាន និងអនុគណកម្មការរៀបចំព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររំលឹកខួប ៤០ឆ្នាំ ឌេលនៅក្នុងលេខាធិការដ្ឋាននេះមាន ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិជាប្រធាន និងអនុប្រធាន និងសមាជិកចំនួន៨រូប និងបង្កើតអនុគណកម្មការ ពិធិការ ដែលមាន ឯកឧត្តម ឈិន កេតនា អគ្គលេខាធិការ គណកម្មាធិការជាតិ រៀបចំបុណ្យជាតិ និងអនុជាតិជាប្រធាន ព្រមទាំងអនុប្រធាន និងសមាជិកចំនួន៦រូប។ ដោយឡែក អនុគណៈកម្មាធិការ មាន ឯ.វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាប្រធាន និងអនុគណៈកម្មាការសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ មាន ឯ. នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេសជាប្រធានគណកម្មាការ។
នៅក្នុងឱកាសនោះ ឯ. ណឹម សុវត្ថ បានរាយការណ៍ជូនអង្គប្រជុំអំពីសកម្មភាពការងារធ្វើបាន និងត្រៀមរៀបចំ ខ្លឹមសារព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរំលឹកខួប៤០ឆ្នាំ ដោយបានបញ្ជាក់ថាៈ បន្ទប់ពីទទួលបានគោលការណ៍ណែនាំពី ឯ. ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្រុមការងារបានចុះស្រាវជ្រាវដល់មូលដ្ឋានក្នុងស្រុកមេមុត ខេត្តត្បូងឃ្មុំ តាំងពី៣ខែមុន ដែលសកម្មភាពស្រាវជ្រាវ មានចារិកជាលក្ខណៈប្រវត្តិសាស្ត្រ។
ឯ. បានបញ្ជាក់ថាៈ ក្រុមការងារចុះស្រាវជ្រាវបានបង្កើតឡើងនៅក្នុងខែមិនា ឆ្នាំ២០១៧ បានចុះសិក្សាស្រាវជ្រាវពិនិត្យភូមិសាស្ត្រ ក្នុងស្រុកមេមុត ពីសាលាបឋមសិក្សាសម្តេចតេជោ ហ៊ុន សែន កោះថ្មី ឆ្ពោះទៅកាន់ព្រំដែនកម្ពុជា វៀតណាមចំនួន៩លើក បានចូលសំភាសចំនួន ៣៥លើក និងប្រជុំក្រុមការងារចំនួន១០លើក។ ទន្ទឹមនេះក្រុមការងារបានរៀបចំការងារទាំង៥វិស័យ រួមមានៈខ្លឹមសារ សន្តិសុខ សាងសង់ ពិធិការ និងទំនាក់ទំនងទូទៅ។
នៅក្នុងឱកាសនេះ ឯ. ឧត្តមសេនីយ៍ទោ សឿន រឿត នាយករង នាយកដ្ឋាន វិស្វកម្ម ក្រសួងការពារជាតិ ដែលមានភារកិច្ច ស្ថាបនាផ្លូវ ស្តារទីតាំងចុះយន្តហោះ នៅទីតាំងប្រវត្តិសាស្ត្រស្រុកមេមុត ខេត្តត្បូងឃ្មុំ ក៏បានរាយការណ៍ជូនកិច្ចប្រជុំអំពីលទ្ធផលការងារ ដែលកំលាំងវិស្វកម្ម សំរេចបាននារយៈពេលកន្លងមក្នុងការស្ថាបនាផ្លូវថ្មីក្រាលគ្រួសក្រហមប្រវែង៤គីឡូម៉ែត្រ ខ្នងលើ ៩ម៉ែត្រ ក្រាលគ្រួសក្រហមកំរាស់២០សង់ទីម៉ែត្រ និងដាក់លូ៤កន្លែងលទ្ធផលសំរេចបាន៧៥% សំរាប់ទីតាំងចុះចត ឧទ្ធភិគចក្រ ទីលានសំណេះសំណាល ចំណតរថយន្ត ដែលមកដល់ពេលនេះសំរេចបាន ៩៥%។ ក្រៅពីនេះកងវិស្វកម្មក៏បានជួសជុលកែលំអរផ្លូវក្រាលគ្រួសក្រហម ប្រវែង១៦៥០០ម៉ែត្រ សំរេចបាន៧០%។ ចំណែកឯទីតាំងសំណេះសំណាល ចំណតរថយន្ត សំរាប់ប្រតិភូ ធ្វើដំណើរឆ្លងកាត់ព្រំដែនសំរេចបាន៧០%។ កិច្ចប្រជុំក៏បានធ្វើការពិភាក្សាគ្នាផងដែរ ដោយមានការចូលរួមពីផ្នែកគណៈកម្មការសន្តិសុខនានា និងពិធិការ។
មានប្រសាសន៍នៅក្នុងឱកាសនោះ ឯ. ទៀ បាញ់ បានចាត់ទុកការរៀបចំពិធីប្រារព្ធទិវានៃការរំលឹកនៃដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាព្រឹត្តិការប្រវត្តិសាស្ត្រមួយ ដែលចារិកទុកជាប្រវត្តិសាស្ត្រសំរាប់ពេលខាងមុខ។ ឯ. បានវាយតម្លៃខ្ពស់ចំពោះក្រុមចុះសិក្សាស្រាវជ្រាវ ដែលបានខិតខំបំពេញការងារដ៏មានតម្លៃនេះ នារយៈពេលកន្លង និងបានការសសើរដោយកងកំលាំងវិស្វកម្មដេលបានខិតខំធ្វើការស្ថាបនាផ្លូវទាំងយប់ ទាំងថ្ងៃ ដើម្បីឈានទៅសំរេចតាមផែនការដែលប្រគល់ជូន។ ឯ. ទៀ បាញ់ ក៏បានជំរុញដល់ អនុគណៈកម្មការទាំងអស់អោយបន្ត អនុវត្តភារកិច្ច ដើម្បីធ្វើយ៉ាងណាអោយការរៀបចំពិធីរំលឹកព្រឹត្តការណ៍ប្រវត្តសាស្ត្រនេះប្រព្រឹត្តិទៅទទួលបានលទ្វផល្អ។