សាលានាយទាហានសកម្មត្មាតពងព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ បានប្រារព្វពិធីសម្ពោធអគារស្នាក់នៅរបស់និស្សិត និងបញ្ចុះបឋមសិលាសាងសង់អគាររោងបាយ រួមនឹងបិទវគ្គនាយទាហានសកម្មជំនាន់ទី១៨ ដែលពិធីនេះ បានប្រព្រឹត្តិទៅក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ សុភត្រា នាយកសាលានាយទាហានសកម្មត្មាតពង បានបញ្ជាក់អោយដឹងថា៖ អគារស្នាក់នៅរបស់និស្សិតចំនួន២ខ្នង បានដំណើរការសាងសង់ ចាប់ពីខែឧសភា រហូតដល់ខែធ្នូ ឆ្នាំ២០១៧ ទើបរួចរាល់ជាស្ថាពរ។ អគារនីមួយៗមានទទឹងម៉ែត្រ បណ្តោយ៤០ម៉ែត្រ ចែកជា៥បន្ទាប់ បន្ទាប់ស្នាក់នៅ៤ និងបន្ទប់ទឹក១ ដែលបន្ទាប់នីមួយៗមានលក្ខណៈទូលាយ បំពាក់កង្ហា អំពូលភ្លើង និងមានធ្នើសម្រាប់ដាក់សម្ភារៈនិស្សិត។
ថ្នាក់ដឹកនាំ ក្រសួងការពារជាតិចូលរួមក្នុងពិធីបិទវគ្គនាយទាហានសកម្មជំនាន់ទី១៨
ដោយឡែកអគាររោងបាយដែលបានបញ្ចុះបឋមសិលាសាងសង់ មានបណ្តោយ៦០ម៉ែត្រ ទទឹង ៣០ម៉ែត្រ អាចទទួលមនុស្សបាន២ពាន់នាក់ ដែលអគារនេះ បានផ្តល់ជូនដោយរដ្ឋមន្ត្រីក្រសួងបរិស្ថាន។ ឯកឧត្តម ច័ន្ទ សុភត្រា បានបញ្ជាក់ទៀតថា៖ ដោយមានទំនាក់ទំនងល្អជាមួយក្រុមហ៊ុនឯកជនជាដៃគូ សាលាទទួលបាននូវអគារស្នាក់នៅ១ខ្នងទៀត ដែលជាអំណោយរបស់ក្រុមហ៊ុន វ៉ាង ស៊ី ដែលត្រូវកសាងនៅពេលខាងមុខ។ ដោយឡែកពិធីបិទវគ្គនាយទាហានសកម្មជំនាន់ទី១៨មានសិក្ខាកាមចំនួន១០៤នាក់ ក្នុងនោះមានស្រី១១នាក់ ដែលបានបើកវគ្គរៀនសូត្រ ចាប់តាំងពីឆ្នាំ២០១៤ ដែលពេលបញ្ជប់ វគ្គសិក្ខាកាមដែលរៀនទទួលបាននិទ្ទេសល្អ៥នាក់ និទ្ទេសល្អបង្គួរ៨៤នាក់ និងនិទ្ទេសមធ្យម១៥នាក់។ នៅក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានបំពាក់ឋានន្តរស័ក្តិ និងលិខិតបញ្ជាក់ការសិក្សាដល់និស្សិតនាយទាហានសកម្មជំនាន់ទី១៨ ប្រគល់ងារ និងប្រសិទ្ធនាមជំនាន់ទី១៨នេះ ជាជំនាន់តេជោម្ចាស់សន្តិភាព។
មានប្រសាសន៍នៅក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានចាត់ទុកសមិទ្ធផលដែលសាលាទទួលបាននាពេលនេះ ជាសមិទ្ធផលមួយក្នុងចំណោម សមិទ្ធផលជាច្រើនដែលសាលានាយទាហានសកម្មសម្រេចបាន ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តន៍នយោបាយការពារជាតិ របស់រាជរដ្ឋាភិបាល និងផែនការកែទំរង់ខ.ភ.ម។
សម្តេចពិជ័យសេនាបានបញ្ជាក់ទៀតថា៖ ការបញ្ចប់វគ្គកបណ្តុះបណ្តាលនាយទាហានសកម្មជំនាន់ទី១៨នេះ ពិតជាលទ្ធផលវិជ្ជមានមួយ ដែលបានរួមចំណែកយ៉ាងសំខាន់សំដៅពង្រឹងសមត្ថភាពដល់កងទ័ព អោយមានវិជ្ជាជីវៈចំណេះដឹង និងចំណេះធ្វើពិតប្រាកដ ក្នុងការទទួលខុសត្រូវបំពេញភារកិច្ចការពារបូរណភាពទឹកដី ការពារសន្តិភាព ការពារសណ្តាប់ធ្នាប់សង្គម បង្កលក្ខណៈងាយស្រួលដល់ការអភិវឌ្ឍន៍ជាតិ ប្រកបដោយចេរភាព និងការរស់នៅរបស់ប្រជាជន ប្រកបដោយភាពសុខដុមរម្យនា។
សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីបិទវគ្គនាយទាហានសកម្មជំនាន់ទី១៨
ដើម្បីអោយការបណ្តុះបណ្តាលនាយទាហានសកម្មកាន់តែទទួលបាននូវគុណភាព សម្តេចពិជ័យសេនា ទៀ បាញ់ បានសំណូមពរដល់ថ្នាក់ដឹកនាំសាលាត្រូវបន្តអនុវត្តន៍ អោយមានប្រសិទ្ធិភាព តាមអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នូវទិសស្លោក ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់ ពិសេស លុបបំបាត់រាល់បាតុភាពអសកម្ម ដែលកើតមានឡើងកន្លងមកនាំអោយប៉ះពាល់សតិអារម្មណ៍ ដល់យោធាចារ្យ មន្ត្រីគ្រប់គ្រងសិក្ខាកាម នាយទាហាន នាយទាហានរង និងពលទាហានក្នុងការបំពេញភារកិច្ចក្នុងកងឯកភាពរបស់ខ្លួន ៕
រូបភាពទី១
រូបភាពទី២
រូបភាពទី៣
រូបភាពទី៤
រូបភាពទី៥
រូបភាពទី៦
រូបភាពទី៧
រូបភាពទី៨
រូបភាពទី៩
រូបភាពទី១០
រូបភាពទី១១