សម្ដេចពិជ័យសេនា ទៀ បាញ់
នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រូវនឹងថ្ងៃច័ន្ទ ទី១២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ មានរៀបចំពិធីប្រគល់ទទួលសម្ភារៈ ឧបករណ៍បរិក្ខាពេទ្យជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិនជូនក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់មន្ទីរ ពេទ្យព្រះកេតុមាលា ។
តាមរបាយការណ៍សង្ខេបរបស់ ឧត្តមសេនីយ៍ឯក លី សុវណ្ណ នាយកមន្ទីរពេទ្យព្រះកេតុ មាលា សម្ភារៈដែលសាធារណរដ្ឋប្រជាមានិតចិន ប្រគល់ជូននាថ្ងៃនេះរួមមាន ម៉ាស៊ីន CT 128 Slices ០១គ្រឿង ម៉ាស៊ីនដាក់ថ្នាំសណ្តំ ០៤គ្រឿង ម៉ាស៊ីនដកដង្ហើម ១០គ្រឿង ម៉ាស៊ីនអេកូ ០៤គ្រឿង ម៉ាស៊ីនច្រោះទឹក០១គ្រឿង ម៉ាស៊ីនសម្លាប់មេរោគ០១គ្រឿង ម៉ាស៊ីនបេះដូង សួតសិប្បនិមិត្ត០១គ្រឿង ម៉ាស៊ីន Monitor វាស់សម្ពាធឈាម៤០គ្រឿង ម៉ាស៊ីនឆ្លុះទងសួត ០១គ្រឿង និងសម្ភារៈគួបផ្សំមួយចំនួនទៀត ។
ឧត្តមសេនីយ៍ឯក លី សុវណ្ណ នាយកមន្ទីពេទ្យព្រះកេតុមាលា
នៅក្នុងពិធីប្រគល់ទទួលនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងការពារជាតិ បានមានប្រសាសន៍ថា ជាការពិត ចាប់តាំងពីឆ្នាំ២០០០ មក រហូតមកដល់បច្ចុប្បន្ន ក្រសួងការពារប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ជំនួយមនុស្សធម៍ជូន មន្ទីរពេទ្យព្រះកេតុមាលា ក្រសួងការពារជាតិ ជាបន្តបន្ទាប់ បានធ្វើឲ្យមន្ទីរពេទ្យមានការរីក ចម្រើនលើគ្រប់វិស័យ តាមរយៈកសាងហេដ្ឋារចនាសម្ព័ន្ធ ការផ្តល់ឧបករណ៍សម្ភារៈពេទ្យ និងការបញ្ជូនក្រុមវេជ្ជបណ្ឌិត ឯកទេសសំខាន់សំខាន់ មកជួយបណ្តុះបណ្តាលហ្វឹកហ្វឺនជូននាយទាហានជំនាញនៅមន្ទីរពេទ្យព្រះកេតុមាលា សំដៅលើកកម្ពស់សមត្ថភាពវិស័យ សុខាភិបាល យោធា ពីមួយឆ្នាំទៅមួយឆ្នាំមានសមត្ថភាពរីកចម្រើនគួរឲ្យកត់សម្គាល់ ។ សម្តេចពិជ័យសេនា ទៀ បាញ់ សម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផល និងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំមន្ទីរពេទ្យព្រះកេតុមាលា និងមន្ត្រីអនុព័ទ្ធយោធានៃ សាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា ដែលបានខិតខំយ៉ាងសំខាន់ក្នុងការជម្រុញការ ងារគ្រប់ផ្នែកឲ្យដំណើរការទទួលបានលទ្ធផលល្អប្រសើរប្រកបដោយប្រសិទ្ធិភាព និងថ្លែងអំណរគុណចំពោះ ឯកឧត្តម ស្យង់ ប៉ូ ឯកអគ្គរាជទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ដែលបានបង្ហាញពីការពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា ចិន កាន់តែមានប្រសិទ្ធិភាព និងស៊ីជម្រៅគ្រប់ជ្រុងជ្រោយ ។
សម្តេចពិជ័យសេនា ទៀ បាញ់ ថ្លែងសន្ទរកថាក្នុងពិធីទទូលបិក្ខាពេទ្យដែលជាជំនួយឥតសំណងពីសធារណរដ្ឋប្រជាមានិតចិន
ឯកឧត្តម ស្យង់ ប៉ូ ក៏បានបង្ហាញជំហរបន្តជួយពង្រឹងសមត្ថភាព វិស័យសុខាភិបាលក្នុងកងយោធពលខេមរភូមិន្ទឲ្យកាន់តែរីកចម្រើនថែមទៀត សម្រាប់អនាគតផង ។
ឯកឧត្តម ស្យង់ ប៉ូ ឯកអគ្គរាជទូតសាធារណរដ្ឋប្រជាមានិតចិន
សម្តេចពិជ័យសេនា ទៀ បាញ់ បានសម្តែងអំណរគុណដ៏ជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ដែលជាដៃគូអភិវឌ្ឍន៍ដ៏វិសេសវិសាលហើយតែង តែបានជួយដល់កម្ពុជានៅគ្រប់កាលៈទេសៈ និងមិនមានលក្ខខ័ណ្ឌស្មុគស្មាញនូវការផ្តល់ជំនួយឥតសំណង សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ លើវិស័យនានាជាច្រើនដែលជាគន្លឹះនិង សេចក្តីត្រូវការចាំបាច់របស់កម្ពុជា។ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ជូនរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានធ្វើឲ្យចំណងមិត្តភាព សាមគ្គី ភាព និងភាតរភាពរវាងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា ចិន កាន់តែមានភាពស្អិតរមួតហើយកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក៏កាន់តែត្រូវបានពង្រឹង និងពង្រីកថែមទៀត ដែលនាំមកនូវផលប្រយោជន៍ទៅវិញទៅមក សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនៃប្រទេសទាំងពីរ ដែលជាដៃគូយុទ្ធសាស្រ្តដ៏ស៊ីជម្រៅ ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានសង្កត់ធ្ងន់ថា តាមរយៈដំណើរទស្សនិច្ចរបស់ ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១០-១១ ខែមករា ឆ្នាំ២០១៨ នៅកម្ពុជា និងជំនួបពិភាក្សារវាង សម្តេចតេជោ នាយករដ្ឋមន្រ្តី ជាមួយថ្នាក់ដឹកនាំកំពូលនៃសាធារណរដ្ឋប្រជាមានិតចិន បានធ្វើឲ្យទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ត្រូវបានពង្រឹងនិងពង្រីក កាន់តែខ្លាំងក្លាថែមទៀត ។ ប្រការទាំងអស់នេះបានផ្តល់ជាមូលដ្ឋានយ៉ាងសំខាន់ ដល់ការរីកចម្រើនគួរឲ្យកត់សម្គាល់ នៃទំនាក់ទំនងទ្វេភាគីនៅក្នុងវិស័យជាច្រើនដូចជា នយោបាយ សន្តិសុខ សេដ្ឋកិច្ច សង្គម និងវប្បធម៍ បានវិវត្តយ៉ាងខ្លាំង រហូតដល់ ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ។ ទាំងនេះគឺជាសក្ខីភាពនៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលបានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ។ រាជរដ្ឋាភិបាល កងទ័ពប្រទេសទាំងពីរ បានជម្រុញលើកកម្ពស់ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងការអភិវឌ្ឍន៍ទំនាក់ទំនង កាន់តែធំធេង និងស៊ីជម្រៅថែមទៀតស្របទៅតាម បំណងប្រាថ្នារួម និងផលប្រយោជន៍ស្នូលរបស់ប្រជាជនទាំងពីរហើយបង្កបរិយាកាស អំនោយផលដល់សន្តិភាព និងការអភិវឌ្ឍន៍ក្នុងតំបន់ ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍បន្ថែមថា នៅក្នុងឆ្នាំ២០១៨ គឺជាឆ្នាំខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ កម្ពុជា ចិន ដែលបានបង្ហាញពីភាពរីកចម្រើនលើគ្រប់វិស័យ តាមរយៈកិច្ចប្រឹងប្រែងរួមនៃប្រទេសទាំងពីរចំណងមិត្តភាពប្រពៃណី កម្ពុជា ចិន ត្រូវបានជម្រុញនិងធ្វើឲ្យកាន់តែប្រសើរឡើងដោយមានការប្រាស្រ័យទាក់ទងកម្រិតខ្ពស់ជាញឹកញាប់ ការធ្វើឲ្យកាន់តែស៊ីជម្រៅនៃកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍ទៅវិញទៅមក ការផ្លាស់ប្តូរបទពិសោធន៍រវាងប្រជាជន-ប្រជាជន និងវប្បធម៍សកម្ម និងកិច្ចសម្របសម្រួលយ៉ាងជិតស្និត រវាងភាគីទាំងពីរនៅក្នុងឪកាសកិច្ចប្រជុំពហុភាគី។ ទំនាក់ទំនងកម្ពុជា ចិន ដែលមានគ្រប់ជ្រុងជ្រោយ និងការអភិវឌ្ឍន៍ស៊ីជម្រៅ និងផ្តល់ប្រយោជន៍សន្ធឹកសន្ធាប់ សម្រាប់ប្រជាជន និងកងទ័ពប្រទេសទាំងពីរ កម្ពុជា-ចិន ចូលរួមចំណែកជាវិជ្ជមានដល់សន្តិភាព និងវិបុលភាពក្នុងតំបន់ និងសកលលោក។ សម្តេចពិជ័យសេនា ទៀ បាញ់ នៅក្នុងឆ្នាំ២០១៨ កងទ័ពប្រទេសទាំងពីរនិងខិតខំជម្រុញ បង្កើនការផ្លាស់ប្តូរ ទស្សនកិច្ចគ្រប់កម្រិត និងអនុវត្តច្បាប់នៃប្រទេសទាំងពីរ លើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែងលើ វិស័យនានាដូចជា វគ្គបណ្តុះបណ្តាល ឧបករណ៍ សេវាសុខាភិបាល ឡូជីស្ទីក និងសន្តិសុខពហុភាគី ។ល។ ភាគីទាំងពីរពង្រឹងឲ្យកាន់តែស៊ីជម្រៅថែមទៀត នូវកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឪក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស បទល្មើស តាមបណ្តាញព័ត៌មានវិទ្យា ភេវរកម្ម ក៏ដូចជា ការប្រឆាំងការរត់ពន្ធគ្រឿងញៀន ការកសាងសមត្ថភាព ការអនុវត្តច្បាប់ និងស៊ើបអង្កេតបទល្មើស ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ជូនថា ដោយបានការឯកភាពពីរាជរដ្ឋាភិបាលកម្ពុជា នៅពាក់កណ្តាលខែមីនា ឆ្នាំ២០១៨ នេះ កងយោធពលខេមរភូមិន្ទ និងរួមសហការជាមួយកងទ័ពរំដោះប្រជាជនចិន រៀបចំលំហាត់រួមគ្នាមួយ ដែលមានឈ្មោះថា “ នាគមាស២០១៨” នៅកម្ពុជា ក្នុងគោលដៅលើកកម្ពស់សមត្ថភាពដល់កងយោធពលខេមរភូមិន្ទ ការបន្តប្រពៃណី សាមគ្គីភាព មិត្តភាព និងជាឪកាសចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនង ការទូតដើម្បីពង្រឹងសហគមន៍វាសនារួមកម្ពុជា ចិន ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រយូរអង្វែង ។
សម្តេចពិជ័យសេនា ទៀ បាញ់ ថ្លែងសន្ទរកថាក្នុងពិធីទទូលបិក្ខាពេទ្យដែលជាជំនួយឥតសំណងពីសធារណរដ្ឋប្រជាមានិតចិន
នៅក្នុងឪកាសនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានផ្តល់ការណែនាំដល់នាយទាហាន និងបុគ្គិលិកមន្ទីរពេទ្យទាំងអស់ត្រូវអនុវត្តការងារឲ្យមានប្រសិទ្ធិភាពដូចតទៅ៖
១. ត្រូវខិតខំពុះពាររាល់ការលំបាក សាមគ្គីភាពផ្ទៃក្នុង រក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់ វិន័យក្រមសិលធម៍កងទ័ព ដើម្បីរួមគ្នាកសាងមន្ទីរពេទ្យមួយឲ្យសាកសមទៅនឹងមន្ទីរពេទ្យដែលជាមូលដ្ឋានគ្រឹះក្នុងការសង្រ្គោះព្យាបាល ជូនកងយោធពលខេមរភូមិន្ទ ក៏ដូចជាប្រជាពលរដ្ឋរបស់យើង ។
២. ត្រូវចាត់ទុកឧបករណ៍សម្ភារៈជំនួយមនុស្សធម៍នេះ ជាសម្បត្តិរបស់យើងទាំងអស់គ្នា សម្រាប់ជួយព្យាបាលសង្រ្គោះ ក្រុមគ្រួសារផ្ទាល់ក៏ដូចជាកងយោធពលខេមរភូមិន្ទ ។ ត្រូវយកចិត្តទុកដាក់សហការឲ្យបានជិតស្និតជាមួយក្រុមឯកទេសគ្រូពេទ្យចិន ដែលមានវត្តមាននៅទីនេះដើម្បីសិក្សារៀនសូត្រដកបទពិសោធន៍ការងារ សម្តៅលើកកម្ពស់សមត្ថភាពជំនាញ បច្ចេកទេសឯកទេស ឲ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធិភាពថែមទៀត ។
៣. ត្រូវយកចិត្តទុកដាក់ធ្វើការគ្រប់គ្រប់ ការប្រើប្រាស់ថែរក្សា ជួសជុលសម្ភារៈ ឧបករណ៍ពេទ្យឲ្យមានប្រសិទ្ធិភាពប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ទៅតាមលក្ខណៈបច្ចេកទេស ។ ត្រូវចាត់តាំងប្រើប្រាស់ឲ្យចំគោលដៅ មានតម្លាភាព និងឆ្លើយតបទៅតាមបទដ្ឋានបច្ចេកទេសតាមសេចក្តីត្រូវការចាំបាច់ជាក់ស្តែង ៕
រូបភាពទី១
រូបភាពទី២
រូបភាពទី៣
រូបភាពទី៤
រូបភាពទី៥
រូបភាពទី៦
រូបភាពទី៧
រូបភាពទី៨
រូបភាពទី៩
រូបភាពទី១០
រូបភាពទី១១
រូបភាពទី១២
រូបភាពទី១៣
រូបភាពទី១៤
រូបភាពទី១៥
រូបភាពទី១៦
រូបភាពទី១៧