ព័ត៌មាន

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតីភាពក្នុងពិធីខួបលើកទី១០៧ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៨
នាយកដ្ឋានព័ត៌មាន(១)
842
449 សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតីភាពក្នុងពិធីខួបលើកទី១០៧ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៨

      សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងការពារជាតិ បាន​អញ្ជើញ​ជា​អធិបតីភាព​ ក្នុងពិធីអបអរសាទរខួបលើកទី១០៧ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៨ ក្រោម​ប្រធាន​បទ ​​«ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បី​អភិវឌ្ឍន​ភាព» ​នៅ​សាកល​​វិទ្យា​ល័យ​​ការពារ​ជាតិ ​នា​ព្រឹក​ថ្ងៃទី៥ ​ខែមីនា ​ឆ្នាំ​២០១៨​នេះ។​ ពិធី​នេះ ​ក៏​មានវត្តមាន​ចូល​រួម​ផង​ដែរ​​​ពី​សំណាក់ ​លោក​ជំទាវ ​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការនារី​ ឯកឧត្តម​ លោក​ជំទាវ​ ជា​រដ្ឋលេខាធិការ ​អនុរដ្ឋ​​លេខាធិការ​ ក្រសួង​ការពារជាតិ​ នាយ​ទាហាន​ ពល​ទាហាន ​យុទ្ធនារី​មក​ពី​អង្គភាព​​ចំណុះ​​ក្រសួង​ការពារជាតិ ​អគ្គបញ្ជាការ​ដ្ឋាន​ ប្រមាណ​៦០០​នាក់​​។​

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតីភាពក្នុងពិធីខួបលើកទី១០៧ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៨

       បន្ទាប់​ពី​អាន​ព្រះ​រាជ​សារ​ សម្តេច​ព្រះមហាក្សត្រី​ នរោត្តម​ មុន្នីនាថ​សីហនុ ​ព្រះរាជ​​មាតា​​ជាតិ​​ខ្មែរ​​ក្នុង​​សេរី​ភាព ​សេចក្តី​ថ្លៃថ្នូ​ និង​សុភមង្គល ​រួច​មក,​ លោក​ជំទាវ​ ដាំ​ដារិនី ​រដ្ឋលេខា​ធិការ​ ក្រសួង​ការពារជាតិ បាន​ធ្វើ​សេចក្តី​រាយការណ៍​ពី​ស្ថាន​ភាព​ស្ត្រី​ក្នុង​ជួរ ​ខ.ភ.ម ​ថា​បច្ចុប្បន្ន​​ស្ត្រី​​ក្នុង​ជួរ​ ខ.ភ.ម​ ត្រូវ​បាន​ផ្តល់​ឱកាស ​យក​​ចិត្ត​​ទុក​ដាក់ ​និង​លើក​ទឹក​ចិត្ត​ពី​ប្រមុខ​រាជរដ្ឋាភិបាល ​ក្រសួង​ការពារជាតិ ​និង​អគ្គបញ្ជាការ​ដ្ឋាន​ ក្នុង​​ការ​​បំពេញ​​ការងារ​ ព្រម​ទាំង​បាន​ផ្តល់​​ឋានន្តរ​សក្តិ​ដល់​នារី​តាម​សមត្ថភាព ​និង​ជំនាញ ​និង​បាន​​ចូល​​រួម​​យ៉ាង​​សកម្ម​​ នៅ​​ក្នុង​ការ​​ការ​ពារ​​សន្តិភាព ​ប្រឆាំង​ដាច់​ខាត​ចលនា​បដិវត្តន៍​ពណ៌ ​ដែល​នាំ​កម្ពុជា​ធ្លាក់​ក្នុង​ភ្លើង​សង្គ្រាម ការ​បង្ករ​​ចលាចល​ អសន្តិសុខ ​បំផ្លិច​បំផ្លាញ​សង្គម​ជាតិ​។ ​

លោកជំទាវ ដាំដារិនី រដ្ឋលេខាធិការ ក្រសួងការពារជាតិ

      មាន​ប្រសាសន៍​ក្នុង​ឱកាស​នោះ​ដែរ​ លោកជំទាវ វេជ្ជបណ្ឌិត​ អ៊ឹង កន្ថាផាវី ​រដ្ឋមន្ត្រី​​​​ក្រសួង​​កិច្ចការ​នារី ​បាន​​សម្តែង​​នូវ​​ការ​ដឹង​គុណ ​និង​អរគុណ​យ៉ាង​ជ្រាល​ជ្រៅ ​ចំពោះ​នាយ​​ទាហាន ​ពល​ទាហាន ​នៃ​ខ.ភ.ម​ ជា​​ពិសេស​​ចំពោះ​​យុទ្ធនារី​ នៃ​ខ.ភ.ម​ ទាំង​អស់​ ដែល​បាន​​ពុះពារ​លះ​បង់​អាយុជីវិត​ដ៏អង់​អាច​ក្លាហ៊ាន​ នៅ​ក្នុង​​បុព្វហេតុ​​ការពារ​​ជាតិ​ អធិបតេយ្យ​​បូរណៈ​​ភាព​ទឹក​ដី ​និង​សុខ​សន្តិភាព​ដែល​កើត​មាន​រហូត​មក​សព្វ​ថ្ងៃ​នេះ។​ ​លោក​ជំទាវ​ បាន​គូស​​បញ្ជាក់​ថា​​ ជា​រៀងរាល់​ឆ្នាំ​ប្រទេស​កម្ពុជា​ បាន​រៀប​ចំ​រំលឹក​ខួប​ទិវា​អន្តរជាតិ​ ៨មីនា​​នេះ​​ឡើង​​ ដើម្បី​រំលឹក​ដឹង​គុណ ​និង​ពិនិត្យ​សមិទ្ធផល ​វឌ្ឍនភាព​នានា​របស់​ស្ត្រី​ ក្នុង​កិច្ចការ​ចូល​រួម​ការពារ ​កសាង​ និង​​អភិវឌ្ឍជាតិ​មាតុ​ភូមិ។​

លោកជំទាវ វេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រី​​​ក្រសួង​កិច្ចការនារី

      ក្នុងនាម​ថ្នាក់​ដឹក​នាំ​ក្រសួង​ការពារ​ជាតិ ​ខ.ភ.ម, ​សម្តេច​ពិជ័យសេនា​ ទៀ បាញ់ ​បាន​​​​ឧទ្ទិស​​ដល់​​ទិវា​​អន្តរ​ជាតិ​​នារី​ ៨មីនា ​ឆ្នាំ​២០១៨​ ថា​ដើម្បី​ចលនា​ទូទាំង​ប្រទេស ​សំដៅ​បន្ត​ការ​​លើ​ក​​កម្ពស់​​សិទ្ធ​​របស់​ស្ត្រី​កម្ពុជា​ និយាយ​​រួម​ និង​និយាយដោយឡែកចំពោះស្ត្រី​ក្នុង​ ខ.ភ.ម​ ។ ​សម្តេច​ពិជ័យសេនា ​បាន​​ថ្លែង​​នូវ​ការ​កោត​​សរសើរ​​ចំពោះ​យុទ្ធនារី​គ្រប់​រូប ​ដែល​កន្លង​មក​​បាន​បំពេញ​បេសកកម្ម​ប្រកប​ដោយ​ភាព​អំណត់​ព្យាយាម​ ពុះ​​ពារ​​គ្រប់​ឧបសគ្គ​ ដើម្បី​ចូល​រួម​​ចំណែក​ក្នុង​បុព្វហេតុការ​ឯករាជ្យ​ សន្តិភាព​ ការពារ​បូរណភាព​ដែនដី ​និង​​សេចក្តី​​សុខ​​ក្សេម​ក្សាន្ត​​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ចូលរួមបំពេញភារកិច្ចក្នុង​កង​កម្លាំង​រក្សាសន្តិភាព​​របស់​​អង្គការ​​សហប្រជាជាតិ។ ​សម្តេច​បាន​បញ្ជាក់​ថា ​«នារី ខ.ភ.ម ​​​​ក៏​មាន​​សមត្ថភាព​ចូលរួម​​ប្រកួត​​កីឡា​ជា​​លក្ខណៈ​​ជាតិ ​និង​អន្តរជាតិ​ ហើយ​បច្ចុប្បន្ននារី​​​ក្នុង ខ.ភ.ម ​មានតួនាទីក្នុងជួរដឹកនាំ​​ក្រសួង​ការពារជាតិ ​ជា​​រដ្ឋ​​លេខា​ធិការ​ អនុរដ្ឋលេខាធិការ ​នាយឧត្តមសេនីយ៍ ​និង​ជា​​មេបញ្ជាការ​រង ​នៃ ​ខ.ភ.ម ​ដែល​​នឹង​​បាន​​កំពុង​​បំពេញ​​ភារកិច្ច​យ៉ាង​សកម្ម​ផង​ដែរ​»​។​ ​

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងការពារជាតិ 

      សម្តេចពិជ័យ​សេនា ​ទៀ បាញ់ ​ក៏បានផ្តាំផ្ញើដល់មេបញ្ជាការគ្រប់កង ឯក​អង្គភាពត្រូវចូលរួម​គាំទ្រស្ត្រី​ស្រប​តាមប្រធានបទ ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍនភាពជាតិ ក្នុង​​នោះ​​ត្រូវ​យកចិត្ត​ទុក​ដាក់​ដល់​ស្ត្រី​នៅ​ក្នុងអង្គភាពរបស់ខ្លួន ត្រូវផ្តល់ឱកាស និងបង្កលក្ខណៈងាយ​ស្រួលឲ្យ​នារី​បង្កើនសមត្ថភាព ចំណេះដឹង​ជំនាញ​លើកទឹកចិត្ត និងត្រូវផ្តល់ឱកាសក្នុងការ​ទទួលឋានន្តរសក្តិ​តួនាទី​សម​ស្របទៅ​តាមសមត្ថភាព​បទ​ពិសោធន៍ ដោយមិនរើសអើង។ជាមួយគ្នានោះដែរ សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី​ ក៏​បាន​ប្រគល់​​បាច់​​ផ្កា​ និង​វត្ថុ​អនុស្សាវរីយ៍​ជូន​ដល់​លោក​ជំទាវ ​រដ្ឋមន្ត្រី​ក្រសួង​កិច្ច​ការនារី ​លោក​​​ជំទាវ​រដ្ឋលេខាធិការ​ ក្រសួង​​ការពារជាតិ ​អគ្គមេបញ្ជាការ​រង ​និង​បាន​ប្រគល់​​អំណោយ​​ជា​​និមិត្ត​​រូប​​ជូន​​គ្រួសារ​​ពលី​ ព្រម​ទាំង​​តំណាង​​នារី​មក​ពី​បណ្តា​អង្គភាព​ចំណុះ​ក្រសួង​ការពារជាតិ​ អគ្គបញ្ជាការ​ដ្ឋាន​​ចូល​រួម​​៦០០​នាក់​ ដែល​​ក្នុង​​ម្នាក់​​ៗ​​ទទួល​បាន​ថវិការ ​៥​ម៉ឺន​រៀល,​ អាវ​យឺត ​០១ ​និង​ក្រម៉ា ​០១ ៕​




អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ