ក្នុងគោលបំណងពង្រឹងតួនាទី និងទំនួលខុសត្រូវរបស់អ្នកនាំពាក្យនៅតាមអង្គភាពនានានៅក្រោម ចំណុះ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ ក្រសួងការពារជាតិ បានរៀបចំវគ្គបណ្តុះបណ្តាលមួយស្តីពីតួនាទី និងការទទួលខុសត្រូវរបស់ក្រុមអ្នកនាំពាក្យក្រសួងការពារជាតិ ដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ ដល់ក្រុមអ្នកនាំពាក្យក្នុងក្រសួងសម្រាប់យកទៅប្រើប្រាស់ក្នុងការនាំសាររបស់អង្គភាពទៅកាន់អ្នកសារព័ត៌មាន និងសាធារណជន ឱ្យបានល្អនិងត្រឹមត្រូវ។ វគ្គបណ្តុះបណ្តាលដល់ក្រុមអ្នកនាំពាក្យក្រសួងការពារជាតិ នេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ នង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ និងដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាំពាក្យមកពីបណ្តាក្រសួង ស្ថាប័ន និងអង្គភាពនានា ប្រមាណជាង១០០នាក់ ដែលក្នុងនោះក៏មានផងដែរនូវសិក្ខាកាមចំនួន៥០នាក់ មក ពីអង្គភាពចំណុះ ក្រសួងការពារជាតិ។
វាគ្មិនសំខាន់ៗដែលអញ្ជើញចូលរួមចែករំលែកបទពិសោធន៍ក្នុងវគ្គបណ្តុះបណ្តាលនេះរួមមាន៖ អ្នកនាំពាក្យក្រសួងការពារជាតិ,អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា, អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី, លោកសាស្រ្តាចារ្យបណ្ឌិត សាស្រ្តាចារ្យព័ត៌មាន និងទំនាក់ទំនង និងអ្នកសារព័ត៌មានជើងចាស់ជាដើម។
ឯកឧត្តម នង ផាត រដ្ឋលេខាធិការ ក្រសួងការពារជាតិ ថ្លែងសន្ទរកថាបើកសិក្ខាសាលា
នៅក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត បានគូសបញ្ជាក់អំពីសារសំខាន់និងភាព ចាំបាច់នៃតួនាទី និងភារកិច្ចរបស់អ្នកនាំពាក្យក្នុង ខ.ភ.ម ក្នុងការផ្សព្វផ្សាយជូនសាធារណជនឱ្យបានជ្រាប អំពីព័ត៌មានរបស់អង្គភាព និងបកស្រាយបំភ្លឺឱ្យបានច្បាស់លាស់ចំពោះការលាបពណ៌បំភ្លៃការពិត ណាមួយមកលើអង្គភាពរបស់ខ្លួន។ ឯកឧត្តម មានក្តីសង្ឃឹមថាសិក្ខាកាមទាំងអស់ នឹងក្រេបជញ្ជក់បានចំណេះដឹង បទពិសោធន៍ យ៉ាងសម្បូរបែបពីវាគ្មិនទាំងឡាយដើម្បីយកទៅអនុវត្តជាក់ស្តែងនៅតាមបណ្តាអង្គភាពដែលខ្លួនកំពុងបំពេញភារកិច្ច។
ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាតិ ដែលផ្តួចផ្តើមបង្កើតវគ្គបណ្តុះបណ្តាលនេះបានលើកឡើងថា បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះសិក្ខាកាមនឹងបានយល់អំពីរបៀបចាត់តាំងការិយាល័យ អ្នកនាំពាក្យ តួនាទីភារកិច្ចសំខាន់ៗមួយចំនួនចាំបាច់ចំពោះមុខដើម្បីរៀបចំខ្លួនឱ្យបានគ្រប់គ្រាន់ចូលរួមយុទ្ធនាការព័ត៌មានរួមគ្នា ពីថ្ងៃនេះរហូតដល់ពេលបោះឆ្នោតសកល និងក្រោយពេលបោះឆ្នោត ធ្វើការរួមគ្នាគ្រប់គ្រងព័ត៌មានឱ្យបានល្អ និងទាន់សភាពការណ៍និងតម្រូវការរបស់ប្រជាពលរដ្ឋ។ ឯកឧត្តម បានបញ្ជាក់ថា នៅក្នុងតួនាទី និងភារកិច្ចដ៏សំខាន់នេះ អ្នកនាំពាក្យគ្រប់អង្គភាពគឺជាសំឡេងរបស់អង្គភាពដែលគួរហ៊ាននិយាយនូវអ្វីដែលអង្គភាពបានចាត់តាំង និងផ្តល់ជូន។ អ្នកនាំពាក្យត្រូវទំនាក់ទំនងល្អជាមួយអ្នកសារព័ត៌មាន និងបកស្រាយបំភ្លឺចំពោះការចុះផ្សាយខុសណាមួយមកលើអង្គភាពខ្លួន ឱ្យទាន់ពេលវេលា។ ជាមួយគ្នានេះ អ្នកនាំពាក្យក៏ត្រូវប្រមែប្រមូលព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងអង្គភាពខ្លួនដើម្បីត្រៀមឆ្លើយតបចំពោះសំណួរអ្នកសារព័ត៌មានផងដែរ ៕