ក្រសួងការពារប្រទេសថៃបានទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ ថៃ កម្ពុជា (GBC) លើកទី១៣ ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ ដូសិត (Dusit ) ក្នុងទីក្រុងបាងកក ព្រះរាជាណាចក្រថៃនាថ្ងៃទី ២១ ខែមិនា ឆ្នាំ ២០១៨ ដែលកិច្ចប្រជុំនេះ ត្រូវបានដឹកនាំដោយសហប្រធាន ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រាវីត វង្សសុវណ្ណ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃព្រះរាជាណាចក្រថៃ និង សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនៃ ព្រះរាជាណាចក្រកម្ពុជា ។អញ្ជើញចូលរួមក្នុងឱកាសនោះដែលខាងភាគីកម្ពុជាមាន ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ ខភម ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី ទទួលបន្ទុកការងារព្រំដែន និង ជាប្រធានគណៈកម្មាធិការចំរុះកិច្ចការព្រំដែន ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សូភា អគ្គមេបញ្ជាការរង និង ជាមេបញ្ជាការកងទ័ពជើងគោក ឯកឧត្តម នាយឧត្តមសេនីយ៍ សៅសុខា អគ្គមេបញ្ចាការរង និង ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសព្រមទាំងឯកឧត្តម ជាមេបញ្ជាការមកពីបណ្តាកងឯកភាព ខភម ដែលមានការពាក់ពន្ធ័ជាច្រើនទៀត ។ កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ ថៃ កម្ពុជាលើកទី ១៣ នេះមានគោលបំណងរំលឹកឡើងវិញក្នុងពេលកន្លងមកក្នុងការអនុវត្តការងារកំណត់ហេតុកិច្ចប្រជុំគណៈកម្មការព្រំដែនទូទៅលើកទី ១២ រួមទាំងកំណត់ទិសដៅនៃកិច្ចសប្រតិបត្តិការ រក្សាសន្តិភាព ស្ថេរភាពនៅតាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ កម្ពុជា ថៃ ។ ថ្លែងបើកកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ ថៃ កម្ពុជា លើកទី ១៣ នាពេលនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រាវីត វង្សសុវណ្ណ បានមានប្រសាសន៍ថា៖ ដោយសម្ព័ន្ធមេត្រីភាពចំណងមិត្តភាពនិងមនុស្សសញ្ចេតនាស្មោះស្ស្មោះត្រង់ រវាងកងទ័ពទាំងពីរ បានធ្វើឲ្យកិច្ចប្រជុំលើកនេះបានសម្រេចជោគជ័យ ដូចកិច្ចប្រជុំលើកមុនៗ កន្លងមកដែល អាចភ្ជាប់កិច្ចសហប្របត្តិការ ដែលមានស្រាប់ ព្រមទាំង ការអភិវឌ្ឍន៍ ឱ្យមានការរីកចម្រើនឡើងថែមទៀត និង ផ្ដល់ផលប្រយោជន៍ឱ្យដល់ ព្រំដែននៃប្រទេសទាំងពីរ គឺជាព្រំដែនសុខ សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការយ៉ាងពិតប្រាកដ។ ថ្លៃងបើកកិច្ចប្រជុំគណៈកម្មការព្រំដែនទូទៅថៃកម្ពុជាលើកទី១៣ នាឱកាសនោះដែល សម្ដេចពិជ័យសេនា ទៀ បាញ់បានសំដែងនូវក្តីសោមនស្សរីករាយ ដោយបានឃើញ ភាពរីកចម្រើនយ៉ាងល្អប្រសើរក្នុងទំនាក់ទំនងនិងកិច្ចសហប្របត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរកម្ពុជាថៃដែលស្ដែងអោយ ឃើញតាមរយៈការបង្កើតយន្តការប្រជុំប្រចាំ ឆ្នាំរវាងអគ្គមេបញ្ជាការកងទ័ព ការបង្កើនតួនាទីការិយាល័យទំនាក់ទំនងព្រំដែន ការចេញបញ្ជីឈ្មោះអ្នកទំនាក់ទំនងបន្ទាន់ (Hotline) រវាងអាជ្ញាធរ៌ សន្តិសុខ នៅតាមតំបន់ព្រំដែនគ្រប់លំដាប់ថ្នាក់ និង ការពង្រឹងកិច្ចសហប្រតិបត្តិការលើអង្គភាពពេទ្យយោធា ដែលទាំងអស់នេះជាភស្តុតាងបង្ហាញ នូវការវិវត្តន៍ ជាវិជ្ជមានក្នុងភាពជាដៃគូនិងចំណងមិត្តភាពដ៏ល្អប្រពៃរវាងប្រទេសយើងទាំងពីរ សមស្របតាមតួនាទីដ៏សំខាន់នៃគណៈកម្មាធិការព្រំដែនទូទៅរបស់យើង លើវិស័យសន្តិសុខ សន្តិភាព និងការអភិវឌ្ឍន៍ ។សម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងទៀតថា៖ការប្រជុំថ្ងៃនេះមិនត្រឹមតែជាវេទិកាមួយផ្ដល់ឱកាសឲ្យយើងសម្រាប់ធ្វើការពិភាក្សានិងផ្លាស់ប្តូរទស្សនៈដ៏ល្អជាមួយគ្នាដើម្បីអភិវឌ្ឍន៍ប្រទេសជាតិនិងតំបន់ប៉ុណ្ណោះទេតែក៏ជាចលករជំរុញអោយភាពជាដៃគូរវាងយើងកាន់តែស៊ីជម្រៅនិងបង្កើនការកសាងទំនុកចិត្តក្នុងគោលបំណងធានាការប្ដេជ្ញាចិត្តរបស់យើងក្នុងការការពារសន្តិភាពប្រកបដោយនិរន្តរភាពស្ថេរភាពកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍តាមមាគ៌ាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជាថៃក្នុងកើតចំណងទាក់ទងល្អភាពជាដៃគូភាពជាអ្នកជិតខាងល្អប្រកបដោយមិត្តភាពនិងការគោរពគ្នាទៅវិញទៅមកលើគ្រប់វិស័យដោយអនុលោមទៅតាមផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាពលរដ្ឋបូជាសពទៅនឹងការរក្សាសន្តិភាពសន្តិសុខនិងសន្តិភាពនៅក្នុងតំបន់ទាំងមូលផងដែរ ។សម្ដេចពិជ័យសេនា បានសំដែងនូវជំនឿជឿជាក់ថា . ៖ កិច្ចប្រជុំគណៈកម្មការព្រំដែនទូទៅរបស់យើងនាពេលនេះប្រាកដជាដាក់ចេញនូវយន្តការថ្មីៗដែលនាំមកនូវការរឹតចំណងមិត្តភាពនិងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសយើងទាំងពីរឲ្យកាន់តែរឹងមាំនិងទទួលនិងទូលំទូលាយទាំងក្នុងក្របខណ្ឌ័ទ្វេរភាគី ពហុភាគ តំបន់ និងអន្តរជាតិ ដែលជាការរួមចំនែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកិច្ចការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងការរក្សាបាននូវសុខសន្តិភាពស្ថិរភាពសន្តិសុខសណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរជាពិសេសនៅក្នុងតំបន់ព្រំដែននៃប្រទេសយើងទាំងពីរកម្ពុជាថៃ។កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃលើកទី ១៣ ត្រូវបានរៀបចំឡើងដោយយោងទៅតាម កិច្ចព្រមព្រៀងនៃការបង្កើតកិច្ចសហប្របត្តិការព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការដើម្បីសន្តិភាពនិងសន្តិសុខក្នុងតំបន់ព្ឬំដែនក៏ដូចជាការបន្ថែមនូវទំនាក់ទំនងរវាងកងទ័ពនិងកងឯកភាពសន្តិសុខពាក់ព័ន្ធដទៃទៀតរបស់កម្ពុជានិងថៃ ។តាមរយៈកិច្ចប្រជុំនេះភាគីទាំងពីរក៏បានពិនិត្យឡើងវិញនូវលទ្ធផលនៃការអនុវត្តកម្មវិធីកិច្ចសហប្រតិការផ្សេងៗដែលបានដាក់ចេញដោយកិច្ចប្រជុំគណៈកម្មការព្រំដែនទូទៅលើកទី ១២ កាលពី ថ្ងៃទី ៣០ ខែមិនា ឆ្នាំ ២០១៧ នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជាដូចជា កិច្ចសហប្រតិបត្តិការលើការឆ្លងកាត់ព្រំដែន បញ្ហាពលករ ការទប់ស្កាត់ និងបង្ក្រាបការជួញដូរគ្រឿងញៀន ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ វាងកងទ័ពកម្ពុជា ជាមួយបណ្ដាអង្គភាពសន្តិសុខថៃនៅតំបន់ព្រំដែន បញ្ហាកសិកម្ម បញ្ហាសុខភាពសាធារណៈ ការអភិវឌ្ឍន៍ ជាភាពរស់នៅ ការអប់រំ សាសនា និង វប្បធម៌ ។ កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ ថៃ កម្ពុជាលើកទី ១៣ នេះក៏បានជំរុញឲ្យភាគីទាំងពីរ ថៃ កម្ពុជា បន្តនូវភារកិច្ចក្នុងការថែរក្សាសន្តិភាពស្ថេរភាព តាមបណ្តោយព្រំដែន ប្រទេសទាំងពីរ ដោយស្របតាមគោលការណ៍ និង វិធានការដែលបានកំណត់ ក្នុងកំណត់ហេតុព្រមព្រៀងនៃកិច្ចប្រជុំលើកទី ១៣ នេះ លើគ្រប់ទិដ្ឋភាពទាំងអស់ ។ នៅក្នុងឱកាសនោះឯកឧត្តម នាយឧត្តមសេនីយ៍ ប្រាវីត វង្សសុវណ្ណ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃព្រះរាជាណាចក្រថៃ និង សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនៃ ព្រះរាជាណាចក្រកម្ពុជា ក៏បានចុះហត្ថលេខាលើកំណត់ហេតុព្រមព្រៀងនៃកិច្ចប្រជុំគណកម្មាធិការព្រំដែនទូទៅ កម្ពុជា ថៃ(GBC)លើកទី ១៣ ផងដែល ។