នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតិឲ្យ ឯកឧត្តម កេន ការ៉ូ សូនូរ៉ា ទីប្រឹក្សានាយករដ្ឋមន្ត្រីជប៉ុន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងការពារជាតិ។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម កេន ការ៉ូ សូនូរ៉ា ទីប្រឹក្សានាយករដ្ឋមន្ត្រីជប៉ុន
នៅក្នុងជំនួបនោះ ឯកឧត្តម កេន ការ៉ូ បានមានប្រសាសន៍ថា៖ ឆ្នាំនេះគឺជាឆ្នាំខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងជប៉ុន និងកម្ពុជា ឯកឧត្តមចង់អោយទំនាក់ទំនងរវាងប្រទេសទាំង២ កម្ពុជា-ជប៉ុន រួមនឹងទំនាក់ទំនងវិស័យការពារជាតិប្រទេសទាំង២ កាន់តែមានការរីកចំរើនថែមទៀត។
នៅក្នុងជំនួបនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងពីការរួមចំនែករបស់ជប៉ុន ក្នុងកិច្ចសហប្រតិបត្តិការថែរក្សាសន្តិភាព ដែលបានជួយដល់ប្រទេសកម្ពុជាកាលពីពេលមុន ព្រមទាំងបានជួយដល់កំលាំងកងទ័ពមួកខៀវកម្ពុជា ក្នុងការចេញទៅបំពេញបេសកកម្មថែរក្សាសន្តិភាពថែមទៀត។ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានជម្រាបជូនទីប្រឹក្សានាយករដ្ឋមន្ត្រីជប៉ុន អំពីការវាយប្រហាររបស់ពួកឧទ្ទាម មកលើទីតាំងកងកំលាំងរក្សាសន្តិភាពកម្ពុជា ដែលកំពង់បំពេញបេសកកម្មនៅប្រទេសម៉ាលី ដែលបានធ្វើអោយខូចខាតផ្ទះ២ខ្នង តែមិនមានគ្រោះថ្នាក់ដល់ជីវិតនោះទេ។ សម្តេចពិជ័យសេនាបានសង្កត់ធ្ងន់ថា៖ កម្ពុជានៅតែប្រកាន់ជំហរបន្តកិច្ចការ រក្សាសន្តិភាពជាមួយអង្គការសហប្រជាជាតិជានិច្ច។
ឯកឧត្តម កេន ការ៉ូ បានថ្លែងថា៖ បច្ចុប្បន្នកងកំលាំងរក្សាសន្តិភាពជប៉ុន បានកំពង់បំពេញបេសកកម្មនៅទូទាំងទ្វីបអាហ្វ្រិក និងបន្តពង្រីកទៅកន្លែងផ្សេងទៀត។ ឯកឧត្តមបានបញ្ជាក់ថា៖ ប្រទេសជប៉ុនក៏បានកំពង់សិក្សាលទ្ធភាពក្នុងការផ្តល់សម្ភារៈបរិក្ខាដល់កងកំលាំងរក្សាសន្តិភាពកម្ពុជាផងដែរ។ ទាក់តងទៅនឹងការវិវត្តន៍នៃសភាពការណ៍នយោបាយនៅកម្ពុជា ឯកឧត្តមទីប្រឹក្សានាយករដ្ឋមន្ត្រីជប៉ុន បានសង្កត់ធ្ងន់ថា៖ ប្រទេសជប៉ុនបានគោរពអធិបតេយ្យភាពកម្ពុជា និងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជាទេ ៕