គណៈប្រតិភូនាវាកងទ័ពជើងទឹក នៃកងទ័ពរំដោះប្រជាជនចិន ដឹកនាំដោយ ឧត្តមសេនីយ៍ទោ Xu Hai Han នាយរងសេនាធិការ កងនាវាតំបន់សមុទ្រខាងជើង នៃកងទ័ពរំដោះប្រជាជនចិន បានមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់១២ ខែមករា ឆ្នាំ២០១៩។ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាត អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ
ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាត អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានឲ្យដឹងថា៖ «ទស្សនកិច្ចគណៈប្រតិភូនាវាកងទ័ពជើងទឹកនេះ ធ្វើឡើងដើម្បីរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន និយាយជារួម និងនិយាយដោយឡែក គឺពង្រឹកកិច្ចសហប្រតិបត្តិការល្អជាមួយកងទ័ពជើងទឹក របស់ព្រះរាជាណាចក្រកម្ពុជា»។នាវាកងទ័ពជើងទឹក នៃកងទ័ពរំដោះប្រជាជនចិន
អំឡុងពេលបំពេញទស្សនកិច្ចពីថ្ងៃទី០៩ ដល់១២ ខែមករា ឆ្នាំ២០១៩ គណៈប្រតិភូដឹកនាំដោយ ឧត្តមសេនីយ៍ទោ Xu Hai Han នឹងចូលជួបសម្តែងការគួរសមជាមួយ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ, ឯកឧត្តម ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការ បញ្ជាការដ្ឋានមូលដ្ឋានសមុទ្ររាម, ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងទឹក, ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងចូលជួបសម្តែងការគួរសម សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិផងដែរ ៕