កម្ពុជានឹងបញ្ជូនកងវិស្វកម្មកម្លាំងមួកខៀវលេខ៦៩៣ ចំនួន១៨៤នាក់ នៅចុងខែមករា ឆ្នាំ២០១៩ ចេញទៅបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិ នៅសាធារណៈរដ្ឋលីបង់ ដើម្បីធ្វើការប្តូរវេនកម្លាំងចាស់ក្នុងបំណងស្វែងរកសន្តិភាពសំរាប់ប្រទេសមួយនេះ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបញ្ជូនកងកម្លាំងចេញទៅបំពេញបេសកកម្មអង្គការសហប្រជាជាតិ
ក្នុងពិធីសំណេះសំណាលជាមួយកងកម្លាំងវិស្វកម្មនៅថ្ងៃទី៩ ខែមករា នៅសាលាបណ្តុះបណ្តាលកងកម្លាំងរក្សាសន្តិភាពពហុជាតិ នាខេត្តកំពង់ស្ពឺ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបញ្ជូនកងកម្លាំងចេញទៅបំពេញបេសកកម្មអង្គការសហប្រជាជាតិ បានថ្លែងថា៖ “នេះជាលើកទី៩ហើយ ដែលកម្ពុជានឹងបញ្ជូនកម្លាំង ទៅកាន់សាធារណរដ្ឋលីបង់ ដើម្បីស្វែងរកសន្តិភាពជូនប្រទេសនេះ។ កម្លាំងមួកខៀវកម្ពុជាចេញទៅបំពេញបេសកកម្មនេះ គឺបញ្ជូនទៅដើម្បីប្តូរកម្លាំងចាស់ដែលនឹងបញ្ចប់បេសកកម្មរយៈពេល១ឆ្នាំ នៅខែមករា ខាងមុខនេះ”។ ឯកឧត្តមថ្លែងទៀតថា៖ អំឡុងពេល២៦ឆ្នាំមុន កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ត្រូវបានបញ្ជូនមកកាន់កម្ពុជា ប៉ុន្តែចាប់ពីតាំងពីឆ្នាំ២០០៦មកដល់បច្ចុប្បន្ន មានរយៈពេល១៣ឆ្នាំ ដែលកម្ពុជា បានក្លាយជាប្រទេសមួយ បញ្ជូនកងកម្លាំងរបស់ខ្លួន អោយពាក់មួកខៀវ ទៅចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ដែលរហូតមកដល់ពេលនេះ មានកងទ័ពមួកខៀវកម្ពុជាជាច្រើនពាន់នាក់ បានចេញបេសកកម្មនៅប្រទេសជាច្រើនលើពិភពលោក។ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិ រក្សាសន្តិភាព
កងវិស្វកម្មទាំង១៨៤នាក់ត្រូវចេញទៅបំពេញបេសកកម្មនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិ រក្សាសន្តិភាព មានប្រសាសន៍ថា៖ “ក៏មានអមដោយកម្លាំងដោះមីនផងដែរ គឺជាកម្លាំងបានទទួលវគ្គហ្វឹកហ្វឺនជំនាញត្រឹមត្រូវ តាមស្តង់ដាររបស់អង្គការសហប្រជាជាតិ ដែលកម្លាំងទាំងនោះមានមកពីស្ថាប័ន ចំណុះផ្ទាល់ក្រសួងការពារជាតិ កម្លាំងចំណុះមជ្ឈមណ្ឌលជាតិ អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានទ័ពជើងទឹក បញ្ជាការដ្ឋានកងទ័ពអាកាស បញ្ជាការដ្ឋានជាតិប្រឆាំងភេវរកម្ម និងពីស្ថាប័នទ័ពមួយចំនួនទៀត។ ឯកឧត្តម អគ្គនាយក បញ្ជាក់ថា៖ កម្លាំងកំពុងបំពេញបេសកកម្ម អង្គការសហប្រជាជាតិ នៅប្រទេសលីបង់ គឺមានចំនួន១៨៤នាក់ ទាំងកម្លាំងវិស្វកកម្ម និងកម្លាំងដោះមីន។ ការដែលប្រតិបត្តិការរាល់ថ្ងៃគឺដោះមីន ដើម្បីសាងសង់ព្រំដែនសីមា រវាងប្រទេសអ៊ីស្រាអែល និងលីបង់។ លោក Hubert Staberhoter តំណាងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា
លោក Hubert Staberhoter តំណាងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា ធ្លាប់បានថ្លែងថា៖ “កម្ពុជាបានបញ្ជូនកម្លាំងទាំង១៨៤នាក់ទៅកាន់ប្រទេសលីបង់ គឺកម្ពុជាបានបង្ហាញអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួន ក្នុងការគាំទ្រដល់ប្រតិបត្តិការសន្តិភាព របស់អង្គការសហប្រជាជាតិ ដើម្បីដោះស្រាយជម្លោះ ដ៏ស្មុគស្មាញ និងការពារជនស៊ីវិល ដែលជាភារកិច្ចដ៏សំខាន់បំផុត និងជាសក្ខីភាពជាក់ស្តែងផងដែរ។ លោកបានបន្ថែមថា៖ ព្រឹតិ្តការណ៍ប្រមាណ២៣ឆ្នាំមុន កងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិបញ្ជូនមកកាន់កម្ពុជា តែបច្ចុប្បន្នកម្ពុជាបានប្រែក្លាយជាប្រទេសមួយបញ្ជូនកងកម្លាំង និងក្រុមជំនាញចូលរួមប្រតិបត្តិការរក្សាសន្តិភាព ក្នុងនាមមនុស្សធម៌ ទៅកាន់ប្រទេសចំនួន៨រួចមកហើយ។
សូមបញ្ជាក់អោយដឹងដែរថា ចាប់តាំងពីឆ្នាំ២០០៦មក កម្ពុជាបានបញ្ជូនកម្លាំង ចំនួនសរុបជាង៥៧៨៣ នាក់ ក្នុងនោះមានស្រ្តីចំនួនជាង២៧៧នាក់ ទៅចូលរួមបេសកកម្មរបស់អង្គការសហប្រជាជាតិ។ ដែលបច្ចុប្បន្នកម្ពុជាមានកម្លាំងចំនួនជិត១០០០នាក់ ដែលកំពុងបំពេញបេសកកម្មនៅប្រទេសចំនួន៥ រួមមាន ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង អាហ្វ្រិកកណ្តាល លីបង់ និងម៉ាលី។ ហើយកម្លាំងមួកខៀវទាំងអស់នេះ ដែលធ្វើអោយប្រទេសកម្ពុជា ជាប្រទេសបរិច្ចាគកម្លាំងរក្សាសន្តិភាពច្រើនជាងគេលំដាប់ទី២ នៅក្នុងតំបន់អាស៊ាន ៕