ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានអនុគណៈកម្មការប្រឡងជ្រើសរើសនាយទាហាន នៃខ.ភ.ម ឆ្នាំ២០១៩ បានថ្លែងថា៖ ខ.ភ.ម កាន់តែមានមោទនភាព ដោយសារតែយុវជន យុវតីជំនាន់ក្រោយ បានដាក់ពាក្យចូលប្រឡងប្រជែងបំពេញក្របខ័ណ្ឌ ខ.ភ.ម គឺមានការកើនឡើងជាបណ្ដាឆ្នាំកន្លងទៅ ប្រមាណជាង១ពាន់នាក់, ប្រៀបធៀបពីឆ្នាំ២០១៧ យើងមានតែ៤,០០០នាក់ទេ ឆ្នាំ២០១៨ កើនដល់៧,០០០នាក់ ហើយឆ្នាំ២០១៩នេះ យើងមានរហូតទៅដល់ជាង៨,៣០០នាក់។ តួរលេខរបស់អនុគណៈកម្មការប្រឡងជ្រើសរើសនាយទាហាន នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៩ បានបង្ហាញថា៖ សម្រាប់ក្របខ័ណ្ឌទូទាំងប្រទេស មានបេក្ខជនចូលរួមប្រឡង សរុបចំនួន៨,៣៥២នាក់ ស្រី៣,២៧០នាក់ បែងចែកជា៣៥៦បន្ទប់។ ក្នុងនោះ ក្រសួងសម្រេចជ្រើសយក នាយទាហានសកម្ម ចំនួន២០០នាក់, នាយទាហានទ័ពជើងគោក ចំនួន២៥០នាក់, នាយទាហានបន្តវេន ចំនួន១៧០នាក់ និងនាយទាហានជំនាញបច្ចេកទេស ចំនួន៦០នាក់។ ទន្ទឹមគ្នានេះ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានណែនាំដល់អនុគណៈកម្មការប្រឡងជ្រើសរើសនាយទាហាន និងគណៈកម្មការជ្រើសរើស ត្រូវរក្សាដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ មានតម្លាភាព និងមានយុត្តិធម៌។ មានន័យថា៖ អ្នកដែលជោគជ័យក្រោយការប្រឡង ទាំងចំណេះដឹងទូទៅ ភាសា និងកីឡា គឺជាប់ដោយសមត្ថភាពផ្ទាល់ ហើយចំពោះអ្នកដែលប្រឡងមិនជាប់ គឺអស់ចិត្តដោយខ្លូនឯង។ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានអនុគណៈកម្មការប្រឡងជ្រើសរើសនាយទាហាន នៃខ.ភ.ម ឆ្នាំ២០១៩
គួរបញ្ជាក់ដែរថា៖ ការប្រលងជ្រើសរើសនាយទាហាន នៃកងយោពលខេមរភូមិន្ទ វគ្គនាយទាហានសកម្មជំនាន់ទី២៣ វគ្គនាយទាហានទ័ពជើងគោកជំនាន់ទី១១ វគ្គនាយទាហានបន្តវេនជំនាន់ទី១២ និងវគ្គនាយទាហានជំនាញបច្ចេកទេសយោធា ឆ្នាំ២០១៩នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣-១៧ ខែមករា ឆ្នាំ២០១៩ ដែលផ្ដោតទៅលើវិញ្ញាសាចំណេះដឹងទូទៅ ភាសាបរទេស និងវិញ្ញាសាកីឡាកាយសម្បទា ៕