រសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នៅអគ្គបញ្ជាការដ្ឋាន នាទីក្រុងភ្នំពេញ មានរៀបចំពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខងារនាយទាហានជាន់ខ្ពស់ ក្នុងអគ្គបញ្ជាការដ្ឋានចំនួន២រូប ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ។ នាយទាហានជាន់ខ្ពស់ទាំងពីររូប ដែលត្រូវបានតែងតាំងមុខងារក្នុងកងយោធពលខេមរភូមិន្ទ មានឧត្តមសេនីយ៍ឯក គឹម វណ្ណា ពីមុនជាអនុប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្រ្តយោធា ឥឡូវជានាយកមជ្ឈមណ្ឌលស្រាវជ្រាវ យុទ្ធសាស្រ្តយោធាអគ្គបញ្ជាការ, ឧត្តមសេនីយ៍ទោ ម៉ី សារុន ពីមុននាយករងទីចាត់ការហ្វឹកហ្វឺនអគ្គបញ្ជាការ ឥឡូវជានាយរង លេខាធិការដ្ឋាន សេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ។ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ
ថ្លែងក្នុងពិធីប្រកាសផ្លាស់ប្តូរមុខងារនាយទាហានក្នុង ខ.ភ.ម នាពេលនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ជំនួសមុខឲ្យថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃ ខ.ភ.ម បានកោតសេសើរ និងវាយតំលៃខ្ពស់ចំពោះ នាយទាហានទាំងអស់ក្នុងអង្គភាពមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធា ដែលក្នុងរយៈកាលកន្លងមកនេះ បានបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អក្នុងការបំរើឲ្យភារកិច្ចការពារជាតិ ការពារបូរណៈភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជាយើងបានរឹងមាំ និងរីកចំរើន។ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា៖ ជាការធម្មតាទេ ការផ្លាស់ប្តូរមុខងារតួនាទីភារកិច្ចរបស់មន្ត្រី ខ.ភ.ម គឺជាទូរទៅដើម្បីស្វែងរកនូវការដឹកនាំល្អ និងភាពរីកចំរើនរបស់អង្គភាព។ បើទោះបីពេលនេះប្រទេសជាតិមានសុខសន្តិភាពក៍ពិតមែន ប៉ុន្តែនេះគឺជាការធ្វើកំណែទម្រង់របស់ខ.ភ.ម ក្នុងការស្វែងរកនូវភាពជោគជ័យ និងរីកចម្រើន។ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៍បានលើកសរសើរផងដែរ ដល់ស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលរហូតមកបានសហការយ៉ាងល្អជាមួយ និងមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធា អគ្គបញ្ជាការ ក្នុងការស្រាវជ្រាវរាល់ឯកសារ ដើម្បីចងក្រងឯកសារប្រវត្តិសាស្ត្រយោធា របស់កម្ពុជាដំណើការទៅទទួលបានជោគជ័យ។ ឯកឧត្តម ឥត សារ៉ាត់ ក៍បានផ្តាំផ្ញើឲ្យនាយទាហានជាន់ខ្ពស់ទាំងពីរ ដែលទើបត្រូវបានតែងតាំងមុខងារថ្មីឲ្យខិតខំបំពេញការងារឲ្យកាន់តែល្អថែមទៀត ហើយអស់លោក ក៍ត្រូវយកចិត្តទុកដាក់ខិតខំបំពេញការងារឲ្យកាន់តែល្អដូចគ្នា ពិសេសត្រូវគោរពស្រឡាញ់នាយ ពលទាហាន ក្រោមឱវាទរបស់ខ្លួនឲ្យដូចបងប្អូន និងកូនចៅរបស់ខ្លួន។ ជាងនេះទៀត ក៍ត្រូវគោរពឲ្យបាននូវវិន័យសេក្តីថ្លៃថ្នូររបស់ខ.ភ.ម គោរព និងអនុវត្តឲ្យបានម៉ឺងម៉ាត់នូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមពង្រឹងប្រៀបការពារជាតិ ការពារបូរណៈភាពទឹកដីកម្ពុជាឲ្យបានកាន់តែរឹងមាំ និងរីកចំរើន ៕