ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេសរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លើកិច្ចការមីន យុទ្ទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការងារវិស្វកម្មកងយោធពលខេមរភូមិន្ទ អមដំណើដោយ ឯកឧត្តម ព្រំ សុភមង្គល រដ្ឋលេខាធិការ ទទួលបន្ទុកអគ្គលេខាធិការ អាជ្ញាធរមីន រួមនិងមន្ត្រីជំនាញកំចាត់មីនរបស់អង្គការ MAG និងមន្ត្រីខ.ភ.មជាច្រើនរូប បានអញ្ជើញចុះសាកសួរសុខទុក្ខ សំណេះសំណាល និងពិនិត្យមើលសកម្មភាពបោសសំអាតមីន របស់កងកម្លាំងប្រតិបត្តិការបោសសំអាតមីន អង្គការ MAG ដែលកំពុងធ្វើសកម្មភាពបោសសំអាតមីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ក្នុងភូមិសាស្ត្រ ចំណុចស្រែត្រាច ភូមិតាសាញ់ខាងជើង ឃុំតាសាញ់ ស្រុកសំឡូត ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩។
តាមការឲ្យដឹងពីប្រធានកងឯកភាពបោសសំអាតមីនអង្គការ MAG លោក SHATHEL FAHS ប្រធានប្រតិបត្តិការគ្រប់គ្រងអ្នកបច្ចេកទេស ផ្នែកម៉ាស៊ីនថតជម្រៅដីរុករកកំទេចគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ របស់អង្គការ MAG និងលោកស្រី វឿន សុណន់ ប្រធានក្រុមប្រតិបត្តិការទីវាល នៃអង្គការ MAG ដែលកំពុងធ្វើសកម្មភាពបោសសំអាតមីន និងយុទ្ធ័ណ្ឌមិនទាន់ផ្ទុះ ក្នុងភូមិសាស្ត្រព្រំដែនក្នុងស្រុកសំឡូត ខេត្តបាត់ដំបងបានរាយការណ៍ឲ្យដឹងថា៖ អង្គការ MAG បានបង្កើតឡើងក្នុងឆ្នាំ១៩៩២ មានការិយាល័យធំនៅក្នុងក្រុងភ្នំពេញ និងការិយាល័យរង ប្រតិបត្តិការបោសសំអាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ក្នុងខេត្តបាត់ដំបង, បៃលិន, និងខេត្តរតនគីរី។ ក្រៅពីនោះអង្កការ MAG បានធ្វើសកម្មភាពនេះដូចគ្នា នៅខេត្តកំពង់ចាម, កំពង់ធំ, ស្ទឹងត្រែង និងខេត្តក្រចេះ។ ហើយបាននឹងកំពង់ប្រតិបត្តិការរុករកគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅក្នុងតំបន់គ្រប់គ្រងរបស់អង្គភាពសកម្មភាពកំចាត់មីន MAG នេះ ក្នុងខេត្តបាត់ដំបង, ប៉ៃលិន, និងរតនគីរី។
លោកប្រធានគ្រប់គ្រងអង្គការ MAG ក៍បានបញ្ជាក់ដែរថា៖ ចាប់ពីឆ្នាំ១៩៩២ រហូតមកដល់ដើមខែមករា ឆ្នាំ២០១៩នេះ កងកម្លាំងប្រតិបត្តិការបោសសំអាតមីន MAG បានធ្វើសកម្មភាពបោសសំអាត និងកំទេចគ្រាប់មិនទាន់ផ្ទុះបានចំនួន២៤៩.០០០គ្រាប់ គ្រាប់មីនប្រឆាំងថ្មើរជើង និងប្រឆាំងរថក្រោះ ចំនួន ៧៨.០០០គ្រាប់ ដោយបានរំដោះផ្ទៃដីជូនប្រជាពលរដ្ឋបានប្រមាណជាង៧៤គីឡូម៉ែត្រការ៉េ។ អ្នកជំនាញបច្ចេកទេសរបស់អង្គការ MAG ក៍បានបន្ថែមថា៖ មានចំការមីនជាច្រើនដែលកម្លាំងយើងនឹងពិបាកក្នុងការរុករកគ្រាប់មីនដែលកប់ក្នុងដីទាំងនោះណាស់ តាមរយ:ការបោសសំអាតដោយគ្រឿងចក្រ, ដោយមនុស្ស, ដោយសត្វសុណក់, និងប្រើប្រាស់ម៉ាស៊ីនថតជម្រៅដីរុករកមីន (ដ្រូន)។ លោកបន្ថែមថា៖ បច្ចុប្បន្ននេះអង្គការ MAG ប្រើបច្ចេកវិទ្យាថ្មីក្នុងការបង្ហោះដ្រូនថតជម្រៅដី ដើម្បីរុករកគ្រាប់មីន និងយុទ្ឌភ័ណ្ឌមិនទាន់ផ្ទុះទាំងនោះ មុននិងកម្លាំងមនុស្សចូលទៅដោះ ដែលការប្រើបច្ចេកវិទ្យារបៀបនេះ យើងប្រតិបត្តិការបានលឿន មិនចំណាយពេលយូ ដឹងគោលដៅច្បាស់លាស់ ពិតប្រាកដ កាត់បន្ថយគ្រោះថ្នាក់បានច្រើន។
ក្នុងឱកាសចុះពិនិត្យមើលសកម្មភាពកំចាត់មីនរបស់អង្គការ MAG ក្នុងភូមិសាស្ត្រ ឃុំតាសាញ់ ស្រុកសំឡូត ខេត្តបាត់ដំបងនាពេលនោះ នាយឧត្តមសេនីយ៍ មាស សុភា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតី នៃការលះបង់ខ្ពស់ របស់បងប្អូនកងកម្លាំងជំនាញដោះមីន ដែលប្រថុយប្រថានលើការងារដែលប្រកបដោយភាពគ្រោះថ្នាក់ របស់បងប្អូន កងកម្លាំងបោសសម្អាតមីនរបស់អង្គការ MAG ដើម្បីរំដោះដីធ្លី ជូនប្រជាពលរដ្ឋយើង។ ឯកឧត្តម ទេសរដ្ឋមន្រ្តី មាស សុភា បានក្រើនរំលឹកដល់បងប្អូនកងកម្លាំងដោះមីន របស់អង្គការ MAG ទាំងអស់ ទោះស្ថិតក្នុងកាល:ទេស:ណាក៍ដោយ ក្នុងពេលប្រតិបត្តិការការងារត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងគ្រោះថ្នាក់ដោយសារការដោះមីន ខ្វះការប្រុងប្រយ័ត្ន និងទ្វេសប្រហែស។ ឯកឧត្តម ទេសរដ្ឋមន្ត្រី មាស សុភា បានបញ្ជាក់ថា៖ ដោយសារសង្គ្រាម គឺបានបន្សល់គ្រាប់មីនគ្រប់ប្រភេទនៅក្នុងដី ជាច្រើនដែលបង្កហានិភ័យដល់អាយុជីវិតប្រជាជនយើង ស្ទើរគ្រប់ទីកន្លែងនៅទូរទាំងប្រទេស។ ជាមួយគ្នានោះដែរ ឯកឧត្តម ទេសរដ្ឋមន្រ្តី មាស សុភា ជំនួសមុខឱ្យប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានថ្លែងអំណរគុណដល់អង្គការ MAG ដែលរហូតមកតែងតែបានធ្វើសកម្មភាពជួយបោសសំអាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះគ្រប់បណ្តាខេត្តនានា ដែលមានគ្រាប់មីនកប់ក្នុងដីយ៉ាងច្រើន ដោយសារសង្គ្រាម ដើម្បីជួយរំដោះដីធ្លីជូនប្រជាជនកម្ពុជា ព្រមទាំងបានជួយអប់រំដល់ប្រជាពលរដ្ឋ ឲ្យយល់អំពីភាពគ្រោះថ្នាក់ដោយសារគ្រាប់មីន ដែលនេះគឺជាការរួមចំណែកមួយក្នុងការជួយអភិវឌ្ឍប្រទេសកម្ពុជាឲ្យមានការរីកចម្រើន ៕