កាលពីរសៀលថ្ងៃទី១១ ខែមករា កន្លងទៅ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិបានអនុញ្ញាតឲ្យ ឯកឧត្តម ឧត្តមនាវីទោ ស៊ូ ហៃហួរ ( Xu Hai Hua ) នាយរងសេនាធិការកងនាវាតំបន់សមុទ្រខាងជើង នៃកងទ័ពរំដោះប្រជាជនចិន ចូលជួបសម្ដែងការគួរសមក្នុងឱកាសដែល ឯកឧត្កម បានដឹកនាំកងនាវា កងទ័ពជើងទឹក នៃកងទ័ពរំដោះប្រជាជនចិន ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩។
នៅក្នុងជំនួបនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានសំដែងនូវក្តីសោមនស្សរីករាយ ចំពោះការមកធ្វើទស្សនកិច្ច និងចូលចតនាវារបស់កងទ័ពជើងទឹក នៃកងទ័ពរំដោះប្រជាជនចិន នៅកម្ពុជា ដោយសម្តេចបានបញ្ជាក់ថា៖ ការចូលចតកងទ័ពជើងទឹកនៅកម្ពុជានាពេលនេះ គឺជាការលើកទឹកចិត្ត ក្នុងពេលដែលកម្ពុជាប្រារព្ធពិធីអបអរសាទរព្រឹត្តិការណ៍ធំៗជាច្រើន ដែលកម្ពុជាទទួលបានជោគជ័យនាពេលកន្លងមក។ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងឯកឧត្តម ឧត្តមនាវីទោ ស៊ូ ហៃហួរ ( Xu Hai Hua ) នាយរងសេនាធិការកងនាវាតំបន់សមុទ្រខាងជើង នៃកងទ័ពរំដោះប្រជាជនចិន
មានមតិឆ្លើយតបវិញ ឯកឧត្តម ឧត្តមនាវីទោ ស៊ូ ហៃហួរ បានសម្ដែងនូវក្តីសោមន្សរីករាយ ដែលបានដឹកនាំនាវាមកធ្វើទស្សនកិច្ចចូលចតនៅកម្ពុជា។ ឯកឧត្តម បានជូនពរ និងអបអរសាទរចំពោះ សម្ដេចពិជ័យសេនា ទៀ បាញ់ ដែលបានដឹកនាំក្នុងពិធីសម្ពោធវិមានឈ្នះ ឈ្នះ និងការប្រារព្ធខួបលើកទី២០ ទិវានយោបាយឈ្នះឈ្នះ ទទួលបានជោគជ័យនាពេលកន្លងមក។ ឯកឧត្តម បានបញ្ជាក់ថា៖ រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះកងទ័ពជើងទឹក នៃកងទ័ពរំដោះប្រជាជនចិន បានបញ្ជូននាវាមកទស្សនកិច្ច និងចូលចតនៅកម្ពុជាចំនួន ៤លើក ដែលក្នុងនោះ៣លើក ជានាវាមកពីសមុទ្រចិនខាងត្បូង និងសមុទ្រខាងកើត ហើយលើកនេះ គឺជាកងនាវាមកពីសមុទ្រចិនខាងជើង។ ឯកឧត្តម បានជំរាបជូនសម្ដេចពិជ័យសេនា អំពីបេសកកម្មរបស់នាវាកងទ័ពជើងទឹក នៃកងទ័ពរំដោះប្រជាជនចិន ដែលបានចាកចេញពីកោះ ឈីងតាវ ប្រទេសចិន នាថ្ងៃទី៦ ខែសីហា ឆ្ពោះទៅជ្រោយសមុទ្រអាកទីង និងជ្រោយសមុទ្រ សូម៉ាលី ដើម្បីបំពេញបេសកកម្មនៅទីនោះរយៈពេល៤ខែ ដើម្បីការពារនាវា កាប៉ាល់ដឹកជញ្ជូនទំនិញ តូច ធំ សរុបទាំងអស់បាន៥៩គ្រឿង។ ក្នុងបេសកកម្មរយៈពេល១០ឆ្នាំ ចាប់តាំងពីឆ្នាំ២០០៨ បានការពារសុវត្ថិភាពនាវាដឹកទំនិញគ្រប់ប្រភេទ បានចំនួន៦៦០គ្រឿង។ ក្រៅពីការពារសុវត្ថិភាពនាវាដឹកទំនិញ នាវាកងទ័ពជើងទឹក នៃកងទ័ពរំដោះប្រជាជនចិន បានចូលរួមចំណែកការពារ សន្តិភាព ស្ថិរភាពដែនសមុទ្រ នៅក្នុងតំបន់ផងដែរ។ ឯកឧត្តម ឧត្តមនាវីទោ ស៊ូ ហៃហួរ បានបញ្ជាក់ថា៖ មិត្តភាព កម្ពុជា និងចិន គឺជាបងប្អូន និងជាអ្នកជិតខាង ដ៏ជិតស្និតនឹងគ្នា និងគាំទ្រគ្នាទៅវិញទៅមក។ ប្រទេសទាំងពីរបានក្លាយជាដៃគូយ៉ាងជិតស្និត និងជាដៃគូរកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។ ការចូលចតនាវានៅកម្ពុជារយៈពេល៤ថ្ងៃនេះ កងទ័ពជើងទឹកទាំងពីរ និងធ្វើការផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក ព្រមទាំងធ្វើការហ្វឹកហាត់រួមគ្នាផងដែរ។
មានមតិឆ្លើយតបវិញ សម្ដេចពិជ័យសេនា ទៀ បាញ់ បានអបអរសាទរចំពោះការបំពេញបេសកកម្មប្រកបដោយជោគជ័យ នៅច្រកសមុទ្រសូម៉ាលី។ សម្ដេចបានបញ្ជាក់ថា៖ ការហ្វឹកហ្វឺនរួមគ្នា រវាងកងទ័ពជើងទឹក ទាំងពីរក្នុងឱកាសដែលកងទ័ពជើងទឹក នៃកងទ័ពរំដោះប្រជាជនចិនចូលចតនៅកម្ពុជា នឹងជួយបង្កើនសមត្ថភាពដល់កងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទបន្ថែមទៀត។ សម្តេចពិជ័យសេនា ទៀ បាញ់ បានជូនពរដល់កងនាវាកងទ័ពជើងទឹក នៃកងទ័ពរំដោះប្រជាជនចិន ឲ្យទទួលបានជោគជ័យក្នុងឱកាសមកធ្វើទស្សនកិច្ចនៅកម្ពុជា ៕