ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាង សម្តេចពិជ័យសេនា ទៀ បាញ់ បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយ អំពីការងារលិខិតស្នាមក្នុងកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងការពារជាតិ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ាង ធារ៉ូ អគ្គលេខាធិការរង អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ បានមានប្រសាសន៍ថា៖ ពិធីនេះបានរៀបចំឡើង ដោយអគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុកការងាររដ្ឋបាល មកពីគ្រប់ស្ថាប័នអង្គភាព ចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបណ្តាទ័ពជំនាញ ជើងគោក ជើងទឹក ជើងអាកាស និងកងរាជអាវុធហត្ថ ចំនួន១៦៤នាក់។ គោលបំណងដើម្បីឲ្យបណ្តាស្ថាប័ន និងអង្គភាពនីមួយៗទទួលបាននូវការណែនាំ ស្របតាមការវិវត្តន៍ នៃការងារលិខិតស្នាមរដ្ឋបាល លិខិតបទដ្ឋានបានត្រឹមត្រូវ តាមទម្រង់បែបបទខ្លឹមសារ និងឋានានុក្រម រួមចំណែកលើកកម្ពស់ពង្រឹងគុណភាព សមត្ថភាពនៃការអនុវត្តការងារលិខិតស្នាម ស្របតាមផែនការកែទម្រង់ខ.ភ.ម និងទិសដៅរបស់ក្រសួងការពារជាតិ។
ក្នុងនាម សម្តេចពិជ័យសេនា ទៀ បាញ់, ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត បានសម្តែងការកោតសរសើរចំពោះអគ្គលេខធិការដ្ឋានក្រសួងការពារជាតិ បណ្តាអង្ភភាពទាំងអស់ នៃខ.ភ.ម ដែលបានខិតខំធ្វើឲ្យសម្រេចនូវស្នាដៃជាច្រើនជូនជាតិមាតុភូមិ ពិសេសលើវិស័យរដ្ឋបាល ការងារលិខិតស្នាម។ ខ.ភ.ម ជាសរសរទ្រូងដ៏រឹងមាំបំផុតលើកិច្ចការងារការពារជាតិ ហើយជោគជ័យនៃនយោបាយឈ្នះឈ្នះ គឺជាការចូលរួមចំណែកដ៏សំខាន់ និងមានប្រសិទ្ធភាពបំផុតរបស់ខ.ភ.ម។ ក្នុងយុទ្ធសាស្ត្រចតុកោណ បានបញ្ជាក់ច្បាស់អំពីប្រសិទ្ធភាពការងារ និងសក្តិសិទ្ធការងារ។ ដើម្បីឲ្យស្របទៅនឹងសភាពការណ៍ការវិវត្តន៍រីកចម្រើន និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៦ ការកែទម្រង់លើវិស័យរដ្ឋបាល គឺពិតជាមានសារៈសំខាន់ ក្នុងនោះការរៀបចំឯកសារការងារលិខិតស្នាម និងបទដ្ឋានគតិយុត្តិ នៅទូទាំងខ.ភ.ម។ ឯកឧត្តម បានជំរុញ និងលើកទឹកចិត្តដល់មន្ត្រីជំនាញទទួលបន្ទុកការងាររដ្ឋបាល និងមេបញ្ជាការទាំងអស់បន្តចូលរួមចំណែកធ្វើការកែទម្រង់ លើវិស័យរដ្ឋបាល រៀបចំលិខិតស្នាម និងបទដ្ឋានគតិយុត្តិ ក្រសួងការពារជាតិ ដើម្បីធ្វើឲ្យមានការឯកភាពគ្នាស៊ីចង្វាក់គ្នា និងរលូនល្អនៅទូទាំងខ.ភ.ម ឲ្យបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ ៕